សូរ៉ា 7 · ជូស 9
Al-A'raf · 7:169
فَخَلَفَ مِنْ بَعْدِهِمْ خَلْفٌ وَرِثُوا الْكِتَابَ يَأْخُذُونَ عَرَضَ هَٰذَا الْأَدْنَىٰ وَيَقُولُونَ سَيُغْفَرُ لَنَا وَإِنْ يَأْتِهِمْ عَرَضٌ مِثْلُهُ يَأْخُذُوهُ ۚ أَلَمْ يُؤْخَذْ عَلَيْهِمْ مِيثَاقُ الْكِتَابِ أَنْ لَا يَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ وَدَرَسُوا مَا فِيهِ ۗ وَالدَّارُ الْآخِرَةُ خَيْرٌ لِلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
ហើយមានអ្នកជំនាន់ក្រោយបានស្នងបន្ទាប់ពីពួកគេ ដែលអ្នកទាំងនោះបានទទួលមរតកគម្ពីរ(តាវរ៉ត)ហើយនោះ ពួក គេបែរជាទទួលយកទ្រព្យសម្បត្ដិដ៏តិចតួចក្នុងលោកិយនេះទៅវិញ ហើយពួកគេនិយាយថាៈ ពួកយើងនឹងត្រូវអល់ឡោះអភ័យទោស ឱ្យ។ ប្រសិនបើទ្រព្យសម្បត្ដិដូចនោះមកដល់ពួកគេ ពួកគេពិតជា ទទួលយកវា។ តើគេមិនបានដាក់កិច្ចសន្យាទៅលើពួកគេក្នុង (ការអនុវត្ដតាម)គម្ពីរតាវរ៉តដោយមិនឱ្យពួកគេនិយាយទៅលើ អល់ឡោះក្រៅពីការពិតនោះទេឬ? ហើយពួកគេក៏បានសិក្សានូវអ្វី ដែលមាននៅក្នុងគម្ពីរនោះដែរ។ លំនៅដ្ឋាននាថ្ងៃបរលោកគឺប្រសើរ បំផុតចំពោះអ្នកដែលកោតខ្លាច។ តើពួកអ្នកមិនស្វែងយល់ទេឬ?
តាហ្វសៀរ
ហើយបន្ទាប់ពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកដល់ស្នងដំណែងពីពួកគេ ដែលជាពួកដែលអាក្រក់(ដូចពួកគេដែរ)។ ពួកគេបានទទួលគម្ពីរតាវរ៉តពីអ្នកជំនាន់មុនពួកគេ ដោយពួកគេបានសូត្រវា ប៉ុន្តែពួកគេមិនបានអនុវត្តតាមអ្វីដែលមាននៅក្នុងវា(គម្ពីរតាវរ៉ត)នោះទេ។ ពួកគេបែរជាទទួលយកទ្រព្យសម្បត្តិលោកិយដ៏តិចតួចជាថ្នូរនឹងការដែលពួកគេកែប្រែគម្ពីររបស់អល់ឡោះជាម្ចាស់ទៅវិញ ហើយពួកគេកាត់សេចក្តីខុសពីអ្វីដែលអល់ឡោះបានបញ្ចុះមកនៅក្នុងគម្ពីរនោះ។ ហើយពួកគេប្រាថ្នា(ស្រមើស្រមៃ)ដោយខ្លួនឯងថា ពិតណាស់អល់ឡោះនឹងអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ។ ហើយប្រសិនបើទ្រព្យសម្បត្តិលោកិយដ៏តិចតួចនេះបានមកដល់ពួកគេនោះ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើអល់ឡោះមិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកទាំងនោះទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីដែលទាក់ទងនឹងអល់ឡោះជាម្ចាស់ឡើយ លើកលែងតែវាជាការពិត ដោយគ្មានការកែប្រែនិងគ្មានការផ្លាស់ប្តូរនោះ? ពិតណាស់ ការដែលពួកគេបោះបង់ការអនុវត្តតាមគម្ពីរ(តាវរ៉ត)នោះ មិនមែនដោយភាពល្លង់ខ្លៅ(របស់ពួកគេ)នោះឡើយ ផ្ទុយទៅវិញ គឺពួកគេបានដឹងយ៉ាងច្បាស់ ពីព្រោះពួកគេបានសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរនោះ ហើយពួកគេក៏បានដឹងពីវាដែរ។ ពិតប្រាកដណាស់ បាបកម្មរបស់ពួកគេ(ដែលបានកែប្រែគម្ពីររបស់អល់ឡោះនោះ)គឺធ្ងន់ធ្ងរបំផុត។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក និងឧបការគុណដ៏អមតៈដែលមាននៅថ្ងៃបរលោកនោះ គឺវាល្អប្រសើរជាងទ្រព្យសម្បត្តិ(លោកិយ)ដែលមានបណ្តោះអាសន្ននេះទៅទៀត ដែលវាគឺសម្រាប់តែបណ្តាអ្នកដែលអនុវត្តតាមបទបញ្ជារបស់អល់ឡោះ និងចៀសឆ្ងាយពីទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។ ដូច្នេះ តើពួកដែលទទួលយកទ្រព្យសម្បត្តិលោកិយដ៏តិចតួចស្តួចស្តើងនេះមិនបានគិតពិចារណាទេឬថា ពិតណាស់ អ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់បណ្តាអ្នកដែលគោរពកោតខ្លាចនៅថ្ងៃបរលោកនោះ គឺវាល្អប្រសើរ និងអមតៈនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល