សូរ៉ា 7 · ជូស 9
Al-A'raf · 7:157
الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِنْدَهُمْ فِي التَّوْرَاةِ وَالْإِنْجِيلِ يَأْمُرُهُمْ بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنْكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنْزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ
បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ដែលជា ណាពីមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេដឹងពីលក្ខណៈ របស់គាត់ដែលត្រូវបានសរសេរក្នុងគម្ពីរតាវរ៉តនិងអ៊ីញជីលដែល មាន(នៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ ពួកគេអំពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ (ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំង លុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរ ដែលធ្លាប់ មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និង លើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(គម្ពីរ គួរអាន)ដែលគេបានបញ្ចុះ មកឱ្យគាត់នោះ អ្នកទាំងនោះគឺជាអ្នក ដែលជោគជ័យ។
តាហ្វសៀរ
គឺបណ្តាអ្នកដែលដើរតាមព្យាការីមូហាំម៉ាត់ដែលជាអនក្ខរជនម្នាក់ដែលមិនចេះអាន និងមិនចេះសរសេរ ហើយតាមពិត គឺម្ចាស់របស់គាត់បានវ៉ាហ៊ីទៅកាន់គាត់ប៉ុណ្ណោះ។ ហើយគាត់(ព្យាការីមូហាំម៉ាត់) គឺជាអ្នកដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញឈ្មោះរបស់គាត់ លក្ខណៈសម្បត្តិរបស់គាត់ ហើយនិងអ្វីដែលគេ(អល់ឡោះ)បានបញ្ចុះទៅកាន់គាត់នោះ ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉តដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា និងគម្ពីរអ៊ិញជីលដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីអ៊ីសា។ គាត់បញ្ជាប្រើពួកគេឲ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីទង្វើអាក្រក់ ដែលសតិប្រាជ្ញាស្មារតី និងនិស្ស័យពីកំណើតដែលអល់ឡោះបង្កើតមកទទួលស្គាល់(ថាវាពិតជាអាក្រក់មែន) ហើយអនុញ្ញាតឲ្យពួកគេនូវរបស់ល្អៗដែលមិនផ្តល់គ្រោះថ្នាក់ មិនថាម្ហូបអាហារ ភេសជ្ជៈ និងការរៀបការនោះទេ។ ហើយគាត់ក៏បានហាមឃាត់ពួកគេផងដែរនូវរបស់ដែលអាក្រក់ ព្រមទាំងលុបបំបាត់ចោលនូវបន្ទុកដ៏ធ្ងន់ធ្ងរ(កាតព្វកិច្ច)ទាំងឡាយដែលគេធ្លាប់បានដាក់បន្ទុកទៅលើពួកគេកាលពីមុន ដូចជាចាំបាច់ត្រូវតែសម្លាប់ឃាតករវិញបើទោះបីជាការសម្លាប់(ឃាតកម្ម)នោះដោយចេតនាឬអចេតនាក៏ដោយ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់)ក្នុងចំណោមអម្បូរអ៊ីស្រាអែលនិងអ្នកផ្សេងពីពួកគេ ហើយបានលើកតម្កើងគាត់ ព្រមទាំងជួយដល់គាត់ប្រឆាំងនឹងសត្រូវរបស់គាត់ដែលជាពួកគ្មានជំនឿ ហើយពួកគេអនុវត្តតាមគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើគាត់ដែលវាប្រៀបបាននឹងពន្លឺដែលបង្ហាញផ្លូវនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យដែលពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងចាកឆ្ងាយពីអ្វីដែលពួកគេរត់គេច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល