សូរ៉ា 58 · ជូស 28
Al-Mujadila · 58:8
أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا عَنْهُ وَيَتَنَاجَوْنَ بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنْفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ الْمَصِيرُ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(យ៉ាហ៊ូទី)ដែលត្រូវ បានគេហាមឃាត់អំពីការពិភាក្សាគ្នាដោយស្ងាត់ៗ បន្ទាប់មកពួកគេ ត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលពួកគេត្រូវបានគេហាមឃាត់វាទៀត ថែមទាំងពួកគេពិភាក្សាគ្នាដោយស្ងាត់ៗនូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង នឹងអ្នកនាំសារ(មូហាំម៉ាត់)ទេឬ? ហើយនៅពេលដែលពួកគេបាន មកជួបអ្នក ពួកគេបានស្វាគមន៍(ឱ្យសាឡាម)អ្នកនូវអ្វីដែល អល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេនិយាយ ខ្លួនឯងថាៈ ហេតុអ្វីបានជាអល់ឡោះមិនដាក់ទណ្ឌកម្មពួកយើងនូវ អ្វីដែលពួកយើងនិយាយ(ចំពោះមូហាំម៉ាត់)នោះ? គ្រប់គ្រាន់ សម្រាប់ពួកគេគឺនរកជើហាន់ណាំដែលពួកគេត្រូវដុតនៅក្នុងវា ហើយជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
តាហ្វសៀរ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកយូដាដែលពួកគេតែងខ្សឹបខ្សៀវគ្នាស្ងាត់ៗនៅពេលណាដែលពួកគេឃើញអ្នកមានជំនឿនោះ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានហាមឃាត់ពួកគេពីការខ្សឹបខ្សៀវគ្នានេះ។ ក្រោយមក ពួកគេត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលអល់ឡោះបានហាមឃាត់នោះ ហើយពួកគេខ្សឹបខ្សៀវគ្នានូវអ្វីដែលជាអំពើបាប ដូចជាការនិយាយដើមអ្នកមានជំនឿ និងជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេតែងស្វាគមន៍អ្នកនូវអ្វីដែលអល់ឡោះទ្រង់មិនបានស្វាគមន៍អ្នកនឹងវាឡើយ ដោយពួកគេពោលថា (السام عليكم) (អាស្សាមូ អាឡៃគុម) ដោយពួកគេមានបំណងថា “សេចក្តីស្លាប់”។ ហើយពួកគេបាននិយាយបដិសេធនឹងព្យាការីមូហាំម៉ាត់ថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ? ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានអះអាងថា រូបគេគឺជាព្យាការីមែននោះ ប្រាកដជាអល់ឡោះទ្រង់ដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយជាមិនខាន។ គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវទណ្ឌកម្មភ្លើងនរកជើហាន់ណាំ ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ។ ពួកគេនឹងទទួលរងនូវកម្តៅរបស់វា។ ជាការពិតណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះហើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល