សូរ៉ា 24 · ជូស 18
An-Nur · 24:33
وَلْيَسْتَعْفِفِ الَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغْنِيَهُمُ اللَّهُ مِنْ فَضْلِهِ ۗ وَالَّذِينَ يَبْتَغُونَ الْكِتَابَ مِمَّا مَلَكَتْ أَيْمَانُكُمْ فَكَاتِبُوهُمْ إِنْ عَلِمْتُمْ فِيهِمْ خَيْرًا ۖ وَآتُوهُمْ مِنْ مَالِ اللَّهِ الَّذِي آتَاكُمْ ۚ وَلَا تُكْرِهُوا فَتَيَاتِكُمْ عَلَى الْبِغَاءِ إِنْ أَرَدْنَ تَحَصُّنًا لِتَبْتَغُوا عَرَضَ الْحَيَاةِ الدُّنْيَا ۚ وَمَنْ يُكْرِهْهُنَّ فَإِنَّ اللَّهَ مِنْ بَعْدِ إِكْرَاهِهِنَّ غَفُورٌ رَحِيمٌ
ហើយចូរឱ្យពួកដែលគ្មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ រក្សាខ្លួនប្រាណ(អំពីប្រការហ្ស៊ីណា) រហូតទាល់តែអល់ឡោះផ្ដល់ ភាពមានបានដល់ពួកគេតាមការប្រោសប្រទានរបស់ទ្រង់។ ហើយ ក្នុងចំណោមខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកដែលចង់បានកិច្ចសន្យា (ដើម្បីស្វែងរកសិទ្ធិសេរីភាពរបស់ខ្លួន)នោះ ចូរពួកអ្នកធើ្វកិច្ចសន្យា ជាមួយពួកគេចុះ ប្រសិនបើពួកអ្នកយល់ឃើញថាជាការប្រសើរ ចំពោះពួកគេ។ ហើយចូរពួកអ្នកផ្ដល់ឱ្យពួកគេនូវទ្រព្យសម្បត្ដិខ្លះ ដែលអល់ឡោះបានប្រទានឱ្យពួកអ្នក។ ហើយពួកអ្នកមិនត្រូវបង្ខិត បង្ខំស្រីបម្រើរបស់ពួកអ្នកឱ្យធើ្វជាស្រីពេស្យា ដើម្បីស្វែងរកទ្រព្យ សម្បត្ដិ និងសេចក្ដីថ្លៃថ្នូរក្នុងការរស់នៅក្នុងលោកិយឡើយ ប្រសិន បើពួកនាងចង់ក្លាយជាអ្នកស្អាតស្អំនោះ។ ហើយអ្នកណាដែលបង្ខិត បង្ខំពួកនាង(ឱ្យធើ្វជាស្រីពេស្យា) ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់ចំពោះពួកនាងក្រោយ ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ។
តាហ្វសៀរ
ហើយចូរឲ្យអ្នកដែលគ្មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ដោយសារតែភាពក្រីក្ររបស់ពួកគេនោះ រក្សានូវភាពបរិសុទ្ធ(ពីប្រការហ្ស៊ីណា) រហូតទាល់តែអល់ឡោះទ្រង់ផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយចំពោះខ្ញុំបម្រើដាច់ថ្លៃដែលទាមទារ ឬស្នើសុំពីចៅហ្វាយនាយរបស់ពួកគេលើការបង់ប្រាក់ដើម្បីលោះខ្លួនរបស់ពួកគេឲ្យមានសិទ្ធិសេរីភាពនោះ ដូច្នេះ ចាំបាច់លើចៅហ្វាយនាយរបស់ពួកគេ ត្រូវទទួលយកនូវការស្នើសុំពីពួកគេ ប្រសិនបើពួកគេ(ចៅហ្វាយនាយ)បានដឹងថា ពួកគេ(ខ្ញុំបម្រើដាច់ថ្លៃនោះ)មានលទ្ធភាពលើការលោះខ្លួន(របស់គេឲ្យមានសេរីភាព) និងជាការល្អប្រសើរនៅក្នុងសាសនា(របស់ពួកគេ)។ ហើយចាំបាច់លើពួកគេ(ចៅហ្វាយ) ត្រូវផ្តល់ទ្រព្យសម្បត្តិខ្លះដែលអល់ឡោះបានប្រទានដល់ពួកគេ ដោយកាត់បន្ថយមួយចំណែកនៃប្រាក់(ដែលត្រូវបង់)ដែលបានចុះក្នុងកិច្ចសន្យា។ ហើយពួកអ្នកមិនត្រូវបង្ខំស្រីបម្រើដាច់ថ្លៃរបស់ពួកអ្នកឲ្យប្រព្រឹត្តហ្ស៊ីណាដើម្បីស្វែងរកទ្រព្យសម្បត្តិ(ដូចដែលអាប់ទុលឡោះ កូន អ៊ូពៃ បានធ្វើចំពោះស្រីបម្រើដាច់ថ្លៃទាំងពីរនាក់របស់គេនៅពេលដែលនាងទាំងពីរបានសំណូមពរសុំរក្សាភាពបរិសុទ្ធ និងចាកឆ្ងាយពីទង្វើអសីលធម៌)ដើម្បីពួកអ្នកទទួលបាននូវប្រាក់កម្រៃពីការប្រព្រឹត្តពេស្យារបស់នាងនោះទេ។ ហើយជនណាក្នុងចំណោមពួកអ្នកដែលបានបង្ខិតបង្ខំពួកនាងឲ្យធ្វើដូច្នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសចំពោះបាបកម្មរបស់ពួកនាងបន្ទាប់ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ និងមហាអាណិតស្រឡាញ់ចំពោះពួកនាង ដោយសារតែពួកនាងត្រូវគេបង្ខិតបង្ខំ ហើយបាបកម្ម គឺធ្លាក់ទៅលើអ្នកដែលបង្ខិតបង្ខំពួកនាង(ឲ្យប្រព្រឹត្តពេស្យានោះ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល