សូរ៉ា 2 · ជូស 3
Al-Baqarah · 2:260
وَإِذْ قَالَ إِبْرَاهِيمُ رَبِّ أَرِنِي كَيْفَ تُحْيِي الْمَوْتَىٰ ۖ قَالَ أَوَلَمْ تُؤْمِنْ ۖ قَالَ بَلَىٰ وَلَٰكِنْ لِيَطْمَئِنَّ قَلْبِي ۖ قَالَ فَخُذْ أَرْبَعَةً مِنَ الطَّيْرِ فَصُرْهُنَّ إِلَيْكَ ثُمَّ اجْعَلْ عَلَىٰ كُلِّ جَبَلٍ مِنْهُنَّ جُزْءًا ثُمَّ ادْعُهُنَّ يَأْتِينَكَ سَعْيًا ۚ وَاعْلَمْ أَنَّ اللَّهَ عَزِيزٌ حَكِيمٌ
ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំឃើញផង ថាតើ ទ្រង់ប្រោសអ្នកដែលស្លាប់ដោយរបៀបណា? អល់ឡោះបានមាន បន្ទូលថាៈ តើអ្នកមិនទាន់ជឿទេឬ? អ៊ីព្រហ៊ីមឆ្លើយថាៈ មិនមែន ទេ. តែដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែជឿជាក់ថែមទៀត។ អល់ឡោះ បានមានបន្ទូលថាៈ ចូរអ្នកយកបក្សីបួនក្បាល ហើយប្រមូលពួកវា (ចិញ្ច្រាំបញ្ចូលគ្នាឱ្យខេ្ទច) រួចយកបំណែកនីមួយៗអំពីសាច់នោះ ទៅដាក់តាមភ្នំផេ្សងៗគ្នា បន្ទាប់មកចូរអ្នកស្រែកហៅពួកវាចុះ ពួកវាពិតជានឹងហើរមកកាន់អ្នកវិញភ្លាម។ ហើយអ្នកត្រូវដឹងថា ពិតប្រាកដណាស់អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱព្យាការី)នៅពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំបានឃើញផ្ទាល់នឹងភ្នែកផង ថាតើទ្រង់ពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដោយរបៀបណា? អល់ឡោះបានមានបន្ទូលទៅកាន់គាត់ថាៈ តើអ្នកមិនទាន់ជឿលើរឿងនេះទេឬ? អ៊ីព្រហ៊ីមឆ្លើយថាៈ មិនមែនទេ! ខ្ញុំពិតជាបានជឿហើយ តែដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀត។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបង្គាប់ប្រើគាត់ដោយទ្រង់បានមានបន្ទូលថាៈ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយប្រមូលពួកវា ហើយចូរអ្នកចិញ្ច្រាំវាបញ្ចូលគ្នាឱ្យខេ្ទច។ បន្ទាប់មក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះ ទៅដាក់តាមភ្នំនីមួយៗផ្សេងៗពីគ្នា(ចំនួនបួន)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវាពិតជានឹងហើរមកកាន់អ្នកវិញភ្លាមយ៉ាងលឿនបំផុត។ ជាការពិតណាស់ យើងបានត្រឡប់ជីវិតឲ្យពួកវាវិញហើយ(ពួកវារស់ឡើងវិញហើយ)។ ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ និងមហាគតិបណ្ឌិតបំផុតនៅក្នុងកិច្ចការរបស់ទ្រង់ ការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងការបង្កើតរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល