សូរ៉ា 2 · ជូស 2
Al-Baqarah · 2:189
۞ يَسْأَلُونَكَ عَنِ الْأَهِلَّةِ ۖ قُلْ هِيَ مَوَاقِيتُ لِلنَّاسِ وَالْحَجِّ ۗ وَلَيْسَ الْبِرُّ بِأَنْ تَأْتُوا الْبُيُوتَ مِنْ ظُهُورِهَا وَلَٰكِنَّ الْبِرَّ مَنِ اتَّقَىٰ ۗ وَأْتُوا الْبُيُوتَ مِنْ أَبْوَابِهَا ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់់)អំពីខ្នើតខែ។ ចូរអ្នក ឆ្លើយថាៈ វាគឺជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស លោក និងការធ្វើហាជ្ជី។ ហើយពុំមែនជាការល្អទេ ដែលពួកអ្នក ចូលលំនៅដ្ឋានពីខាងក្រោយនោះ ក៏ប៉ុន្ដែជាការល្អនោះគឺ(អំពើ) អ្នកដែលកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកចូលលំនៅដ្ឋាន តាមទ្វារ(ខាងមុខ)របស់វា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកទទួលបានជោគជ័យ។
តាហ្វសៀរ
ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) អំពីខ្នើតខែ និងការប្រែប្រួលស្ថានភាពរបស់វា។ ចូរអ្នកឆ្លើយតបទៅទៅកាន់ពួកគេវិញពីបុព្វហេតុនោះថាៈ ជាការពិតណាស់ វា(ខ្នើតខែ)ជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស ដោយពួកគេអាចសម្គាល់ពេលវេលានៃការគោរពសក្ការៈរបស់ពួកគេដូចជា បណ្តាខែហាជ្ជី ខែបួស និងគម្រប់ខួបនៃការត្រូវចេញហ្សាកាត់ជាដើម ហើយពួកគេក៏អាចសម្គាល់ពេលវេលារបស់ពួកគេក្នុងការទំនាក់ទំនងផងដែរ ដូចជាការកំណត់ពេលវេលាសម្រាប់សងជំងឺចិត្ត(ដល់ជនរងគ្រោះ) និង(សង)បំណុលជាដើម។ ហើយពុំមែនជាទង្វើល្អនោះទេដែលពួកអ្នកចូលលំនៅឋានតាមផ្លូវក្រោយនៅពេលដែលពួកអ្នកស្ថិតនៅក្នុងតំណមអៀហរ៉មហាជ្ជីឬអ៊ុមរ៉ោះ (ដូចដែលពួកអ្នកធ្លាប់បានអះអាងក្នុងសម័យកាលអវិជ្ជា)នោះ។ ក៏ប៉ុន្តែទង្វើល្អពិតប្រាកដនោះ គឺការកោតខ្លាចអល់ឡោះជាម្ចាស់ ទាំងខាងក្រៅនិងខាងក្នុងទៅវិញទេ។ ប៉ុន្តែការចូលលំនៅឋានរបស់ពួកអ្នកតាមបណ្តាទ្វាររបស់វា(ទ្វារខាងមុខ) គឺងាយស្រួលជាង និងចៀសផុតពីការលំបាកទៀតផង ដោយសារតែអល់ឡោះមិនដាក់បន្ទុកលើពួកអ្នកនូវអ្វីដែលជាការលំបាកទៅលើពួកអ្នកនោះទេ។ ហើយចូរពួកអ្នកបង្កើតរវាងពួកអ្នកនិងទណ្ឌកម្មរបស់អល់ឡោះនូវរនាំងការពារមួយតាមរយៈការសាងទង្វើកុសលចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយទទួលបានអ្វីដែលអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកខ្លាចរអារ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល