សូរ៉ា 18 · ជូស 15
Al-Kahf · 18:21
وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوا أَنَّ وَعْدَ اللَّهِ حَقٌّ وَأَنَّ السَّاعَةَ لَا رَيْبَ فِيهَا إِذْ يَتَنَازَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا ابْنُوا عَلَيْهِمْ بُنْيَانًا ۖ رَبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ الَّذِينَ غَلَبُوا عَلَىٰ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِمْ مَسْجِدًا
ហើយដូច្នោះដែរ យើងបានលាតត្រដាងរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេ(មនុស្សលោក)ដឹងថាៈ ពិតប្រាកដណាស់ កិច្ចសន្យា របស់អល់ឡោះគឺជាការពិត ហើយថ្ងៃបរលោកគឺពុំមានការសង្ស័យ ឡើយ។ នៅពេលដែលពួកគេខ្វែងគំនិតគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ(អ្នកនៅក្នុងរូងភ្នំ) ពេលនោះពួកគេបាននិយាយថាៈ ចូរពួកអ្នកកសាងអគារមួយនៅលើរូងភ្នំរបស់ពួកគេ។ ម្ចាស់របស់ ពួកគេដឹងបំផុតពីរឿងរបស់ពួកគេ។ បណ្ដាអ្នកដែលមានឥទ្ធិពល លើកិច្ចការរបស់ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើង នឹងយកកន្លែងរបស់ពួកគេនេះធ្វើជាម៉ាស្ជិទតែម្ដង ។
តាហ្វសៀរ
ហើយដូចដែលយើងបានធ្វើនូវរឿងដ៏អស្ចារ្យចំពោះពួកគេ ដែលជាការបញ្ជាក់ពីសមត្ថភាពរបស់យើង ដូចជាការឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ និងធ្វើឲ្យពួកគេភ្ញាក់ឡើងវិញបន្ទាប់ពីនោះដែរ យើងបានលាតត្រដាងរឿងរ៉ាវរបស់ពួកគេដល់អ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ ដើម្បីឲ្យអ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេនោះដឹងថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងជួយដល់បណ្តាអ្នកមានជំនឿ និងការពង្រស់(ពួកគេ)ឲ្យរស់ឡើងវិញនោះ គឺជាការពិត ហើយថ្ងៃបរលោក គឺនឹងមកដល់(យ៉ាងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ហើយនៅពេលដែលរឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំនោះបានលាតត្រដាង ហើយពួកគេបានស្លាប់អស់ហើយនោះ ពេលនោះអ្នកដែលបានដឹងរឿងរ៉ាវរបស់ពួកគេក៏បានខ្វែងគំនិតគ្នា ថាតើពួកគេ(ពួកអ្នកដែលរស់នៅក្នុងទីក្រុង)គួរធ្វើអ្វីចំពោះបញ្ហារបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំនោះ)? ក្រុមមួយក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកសាងសង់សំណង់មួយនៅលើមាត់រូងភ្នំរបស់ពួកគេ ដើម្បីបិទបាំងនិងការពារពួកគេ។ ម្ចាស់របស់ពួកគេដឹងបំផុតពីស្ថានភាពរបស់ពួកគេ ហើយស្ថានភាពរបស់ពួកគេ(ពួកដែលរស់នៅក្នុងរូងភ្នំ) គឺមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ តែក្រុមដែលមានឥទ្ធិពលក្នុងចំណោមអ្នកដែលគ្មានចំណេះដឹង និងមិនមានអំណះអំណាងត្រឹមត្រូវនោះបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកអ្នកធ្វើជាម៉ាស្ជិទសម្រាប់ធ្វើការគោរពសក្ការៈ ដើម្បីជាការលើកតម្កើងដល់ពួកគេ និងជាការរំលឹក(កុំឲ្យគេភ្លេច)ពីកន្លែងរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល