សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:17
لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۚ قُلْ فَمَنْ يَمْلِكُ مِنَ اللَّهِ شَيْئًا إِنْ أَرَادَ أَنْ يُهْلِكَ الْمَسِيحَ ابْنَ مَرْيَمَ وَأُمَّهُ وَمَنْ فِي الْأَرْضِ جَمِيعًا ۗ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۚ يَخْلُقُ مَا يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ជាការពិតណាស់ ពួកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំ នោះ គឺជា ពួកដែលគ្មានជំនឿ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើមាននរណា ម្នាក់អាចហាមឃាត់អ្វីមួយចំពោះអល់ឡោះក្នុងការដែលទ្រង់មានចេតនាបំផ្លាញម៉ាសៀហកូនរបស់ម៉ារយ៉ាំ និងម្ដាយរបស់គេ ព្រម ទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ការគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដីនិងអ្វីៗដែលមានរវាងវាទាំងពីរគឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកណាសរ៉នីដែលនិយាយថា ពិតប្រាកដណាស់ អល់ឡោះ គឺជាម៉ាសៀហ អ៊ីសា កូនប្រុសម៉ារីយ៉ាំ នោះ គឺជាពួកដែលគ្មានជំនឿ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេថាៈ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ និងម្តាយរបស់គាត់ ព្រមទាំងបំផ្លាញអ្នកដែលនៅលើផែនដីទាំងអស់នោះ? ប្រសិនបើគ្មាននរណាម្នាក់មានសមត្ថភាពអាចរារាំងទ្រង់មិនឲ្យធ្វើដូច្នោះបានទេនោះ វាជាភស្តុតាងបញ្ជាក់ថា ពិតប្រាកដណាស់ ពុំមានម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយអ្វីៗទាំងអស់ ទាំងព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ ទាំងម្តាយរបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលអល់ឡោះបានបង្កើតនោះ គឺជាម៉ាខ្លូករបស់អល់ឡោះ(ជាអ្វីដែលទ្រង់បានបង្កើត)ទាំងអស់។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងការគ្រប់គ្រងអ្វីៗដែលមានរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា ហើយក្នុងចំណោមអ្វីដែលទ្រង់មានចេតនាក្នុងការបង្កើតវានោះ គឺព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) ដែលរូបគាត់គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល