សូរ៉ា 3 · ជូស 4
Ali 'Imran · 3:183
الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِنْ قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِنْ كُنْتُمْ صَادِقِينَ
ពួក(យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជា មកចំពោះពួកយើង(ក្នុងគមី្ពរតាវរ៉ត)មិនឱ្យ ពួកយើងជឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែគេបាននាំមក ឱ្យពួកយើងនូវគួរហ្ពានដែលមានភ្លើង(មកពីលើមេឃ)ឆេះវា។ ចូរ អ្នក(មូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ មានអ្នកនាំសារ ជាច្រើនបានមកដល់ពួកអ្នកមុនខ្ញុំ ដោយនាំមកជាមួយនូវភស្ដុតាង ជាច្រើន និងអ្វីដែលពួកអ្នកបានទាមទារនេះចុះ ហេតុអ្វីបានជាពួក អ្នកសម្លាប់ពួកគេ(អ្នកនាំសារ) ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ មែននោះ ?
តាហ្វសៀរ
ពួកទាំងនោះ គឺជាពួកដែលបាននិយាយដោយភូតកុហក និងបង្កើតពាក្យមូលបង្កាច់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំមកកាន់ពួកយើងនៅក្នុងគម្ពីរទាំងឡាយរបស់ទ្រង់ និងតាមរយៈពាក្យសម្តីរបស់បណ្តាព្យាការីរបស់ទ្រង់ថា មិនឲ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឲ្យពួកយើងនូវអ្វីដែលអាចបញ្ជាក់ថា ពាក្យសម្ដីរបស់គេគឺត្រឹមត្រូវពិត ហើយការដែលអាចបញ្ជាក់ដូចនោះ គឺតាមរយៈការធ្វើគួរហ្ពាន(តង្វាយ)បញ្ជិតខ្លួនទៅកាន់អល់ឡោះ និងមានភ្លើងចុះពីលើមេឃមកឆេះគួរហ្ពាននោះ។ ពិតណាស់ ពួកគេបានបង្កើតពាក្យកុហកទៅលើអល់ឡោះដោយថាទ្រង់បានផ្តែផ្តាំពួកគេ និងថាអល់ឡោះជាម្ចាស់បានកំណត់ភស្តុតាងដែលបញ្ជាក់ពីសច្ចភាពពិតនៃអ្នកនាំសារតាមរយៈអ្វីដែលពួកគេបានរៀបរាប់នោះ។ ហេតុដូច្នេះហើយទើបអល់ឡោះជាម្ចាស់បានបង្គាប់ប្រើព្យាការីររបស់ទ្រង់មូហាំម៉ាត់ ឲ្យនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអំពីខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ហើយពួកគេក៏បាននាំមកនូវភស្តុតាងដូចដែលពួកអ្នកបានរៀបរាប់នេះដែរ គឺការដាក់គួរហ្ពានដែលនឹងមានភ្លើងពីលើមេឃមកឆេះគួរហ្ពាននោះ។ ប៉ុន្តែហេតុអ្វីបានជាពួកអ្នកនៅតែមិនព្រមជឿលើពួកគេ ហើយថែមទាំងបានសម្លាប់ពួកគេថែមទៀត ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតត្រឹមត្រូវមែននោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល