សូរ៉ា 2 · ជូស 3
Ayat al-Kursi · Al-Baqarah 2:255
اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ ۚ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَيْءٍ مِنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ ۖ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ
អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលរស់ជាអមតៈដែលជាអ្នកគ្រប់ គ្រងឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ គ្មាន បុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែល មាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីការ ដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយកួរស៊ីរបស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និង ផែនដី។ ហើយការថែរក្សាភពទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាក ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។
តាហ្វសៀរ
អល់ឡោះគឺជាម្ចាស់តែមួយគត់ ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ទ្រង់មានជីវិតអមតៈ មិនស្លាប់នោះទេ ហើយក៏មិនមានភាពខ្វះខាតដែរ។ ទ្រង់ជាអ្នកគ្រប់គ្រង ដែលជាអ្នកគ្រប់គ្រងដោយខ្លួនទ្រង់ផ្ទាល់ ដោយមិនត្រូវការជំនួយពីម៉ាខ្លូក(អ្វីទាំងអស់ដែលទ្រង់បានបង្កើត)ទាំងឡាយរបស់ទ្រង់ឡើយ។ តាមរយៈលក្ខណៈសម្បត្តិនេះហើយ ទើបម៉ាខ្លូកទាំងអស់ត្រូវការជំនួយជានិច្ចអំពីទ្រង់នៅគ្រប់ស្ថានភាពទាំងអស់របស់គេ។ ទ្រង់មិនងងុយគេង ហើយក៏មិនគេងដែរ ដោយសារភាពពេញលេញនៃជីវិតរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាត និងការយល់ព្រមពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើងនៃកិច្ចការម៉ាខ្លូករបស់ទ្រង់។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាឲ្យគេដឹងប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់(កន្លែងដាក់ជើងរបស់អល់ឡោះជាម្ចាស់)ទូលំទូលាយគ្រប់ដណ្តប់លើមេឃជាច្រើនជាន់ និងផែនដី ទោះបីជាវាទាំងពីរ(មេឃា និងផែនដី)មានភាពធំធេង និងទូលំទូលាយក៏ដោយ។ ហើយការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)នេះមិនមានភាពធ្ងន់ធ្ងរចំពោះទ្រង់ ឬធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនទ្រង់ផ្ទាល់ ដោយសមត្ថភាព និងអំណាចដ៏ខ្លាំងក្លារបស់ទ្រង់ ទ្រង់មហាឧត្តុង្គឧត្តម ក្នុងការគ្រប់គ្រងនិងអំណាចរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល