សូរ៉ា 2 · ជូស 3

Al-Baqarah · 2:253

۞ تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِنْهُمْ مَنْ كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِنْ بَعْدِهِمْ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُمْ مَنْ آمَنَ وَمِنْهُمْ مَنْ كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ

បណ្ដាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេ ឱ្យប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេមានអ្នកខ្លះអល់ឡោះបាន បន្ទូលជាមួយពួកគេផ្ទាល់ និងអ្នកខ្លះទៀតទ្រង់បានលើកតម្កើង ឋានៈដល់ពួកគេ។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនម៉ារយាំនូវ មុជីហ្សាត់ជាច្រើន ហើយយើងបានពង្រឹងរូបគេដោយជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកជំនាន់ក្រោយពីអ្នក នាំសារទាំងនោះមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពីភស្ដុតាងនានា បានមកដល់ពួកគេ។ ប៉ុន្ដែពួកគេបានខ្វែងយោបល់គ្នា។ ហេតុនេះ ពួកគេខ្លះមានជំនឿ និងខ្លះទៀតគ្មានជំនឿ។ ហើយប្រសិនបើ អល់ឡោះមានចេតនា ពួកគេប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ប៉ុន្ដែអល់ឡោះធ្វើទៅតាមអ្វីដែលទ្រង់មានបំណង។

តាហ្វសៀរ

បណ្តាអ្នកនាំសារទាំងនោះដែលយើងបានលើកឡើងពី(រឿងរ៉ាវរបស់)ពួកគេដល់អ្នក ពិតណាស់ យើងបានលើកតម្កើង(អ្នកនាំសារ)មួយចំនួនក្នុងចំណោមពួកគេឲ្យប្រសើរជាងគ្នា ក្នុងការផ្តល់វ៉ាហ៊ី(សារពីអល់ឡោះ) អ្នកដើរតាមពួកគាត់ និងឋានៈរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ អល់ឡោះមានបន្ទូលទៅកាន់គេផ្ទាល់ ដូចជាព្យាការីមូសា(ម៉ូសេ)។ ក្នុងចំណោមពួកគេទៀត មានអ្នកខ្លះទ្រង់បានលើកតម្កើងរូបគេឲ្យមានឋានៈខ្ពង់ខ្ពស់ ដូចជា ព្យាការីមូហាំម៉ាត់ ដោយទ្រង់បានបញ្ជូនគាត់មកសម្រាប់មនុស្សលោកទាំងអស់ ហើយគាត់គឺជាព្យាការីចុងក្រោយ ព្រមទាំងអល់ឡោះបានលើកតម្កើងប្រជាជាតិរបស់លោកឲ្យមានភាពល្អប្រសើរលើសពីបណ្ដាប្រជាជាតិដទៃទៀត។ ហើយយើងបានប្រទានឲ្យអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រឹស្ត បុត្ររបស់នាងម៉ារី) នូវមុជីហ្សាត់(អច្ឆរិយភាព)ជាច្រើនដ៏ច្បាស់លាស់ ដែលជាភស្តុតាងបង្ហាញពីភាពជាព្យាការីរបស់គាត់ ដូចជាការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយអាចព្យាបាលជនពិការភ្នែកពីកំណើត និងអ្នកកើតរោគឃ្លង់(ឲ្យជាសះស្បើយ)។ ហើយយើងបានពង្រឹងគេឲ្យមានភាពខ្លាំងក្លាតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដើម្បីអនុវត្តនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ។ ហើយប្រសិនបើអល់ឡោះមានចេតនា អ្នកជំនាន់ដែលមកដល់ក្រោយពីបណ្តាអ្នកនាំសារទាំងនោះ នឹងមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពីភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា និងបែងចែកគ្នាជាក្រុម។ ក្នុងចំណោមពួកគេ មានអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿចំពោះទ្រង់ឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនាមិនឲ្យពួកគេកាប់សម្លាប់គ្នានោះ ពួកគេប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះធ្វើអ្វីមួយទៅតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាទៅរកសេចក្តីជំនឿ ដោយក្តីមេត្តាករុណារបស់ទ្រង់និងការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ដោយភាពយុត្តិធម៌ និងគតិបណ្ឌិតរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់