សូរ៉ា 2 · ជូស 2
Al-Baqarah · 2:220
فِي الدُّنْيَا وَالْآخِرَةِ ۗ وَيَسْأَلُونَكَ عَنِ الْيَتَامَىٰ ۖ قُلْ إِصْلَاحٌ لَهُمْ خَيْرٌ ۖ وَإِنْ تُخَالِطُوهُمْ فَإِخْوَانُكُمْ ۚ وَاللَّهُ يَعْلَمُ الْمُفْسِدَ مِنَ الْمُصْلِحِ ۚ وَلَوْ شَاءَ اللَّهُ لَأَعْنَتَكُمْ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកគេនឹងសួរ អ្នក(មូហាំម៉ាត់)អំពីរឿងកូនកំព្រា។ ចូរអ្នកឆ្លើយថាៈ ការថែរក្សា ទ្រព្យសម្បតិ្ដរបស់ពួកគេគឺជាការប្រសើរបំផុត។ ហើយប្រសិនបើ ពួកអ្នកនៅលាយឡំជាមួយពួកគេ ពួកគេគឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងចំពោះអ្នកដែលធ្វើអាក្រក់(ស៊ីទ្រព្យសម្បត្ដិ កូនកំព្រា) និងអ្នកដែលធ្វើល្អ(ថែរក្សាទ្រព្យសម្បត្ដិកូនកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យ ពួកអ្នកមានផលវិបាកយ៉ាងខ្លាំង។ ពិតប្រាកដណាស់ អល់ឡោះ មហាខ្លាំងពូកែ មហាគតិបណ្ឌិត
តាហ្វសៀរ
ទ្រង់ដាក់បញ្ញត្តិបែបនោះ គឺដើម្បីឱ្យពួកអ្នកចេះពិចារណាចំពោះអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយបណ្តាមិត្តភក្តិរបស់អ្នក(ឱព្យាការីមូហាំម៉ាត់) ពួកគេនឹងសួរអ្នកអំពីតួនាទីរបស់ពួកគេក្នុងការគ្រប់គ្រងលើក្មេងកំព្រា ថាតើពួកគេត្រូវចំណាយយ៉ាងដូចម្តេចនៅក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងក្មេងកំព្រា? ហើយតើពួកគេអាចយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកបញ្ចូលជាមួយនឹងទ្រព្យសម្បត្តិរបស់ខ្លួន(អ្នកគ្រប់គ្រងក្មេងកំព្រា)ទៅលើការចំណាយចំពោះចំណីអាហារ និងការស្នាក់នៅឬ? ចូរអ្នកឆ្លើយតបទៅពួកគេវិញចុះថាៈ គេផ្តល់កិត្តិយសឱ្យពួកអ្នកដោយការថែរក្សាទ្រព្យសម្បត្តិរបស់ក្មេងកំព្រាដោយមិនមានការប្តូរ ឬការលាយបញ្ចូលគ្នាក្នុងទ្រព្យសម្បត្តិនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកចំពោះអល់ឡោះ និងទទួលបានផលបុណ្យយ៉ាងធំធេង ហើយវាក៏ជាការប្រសើរសម្រាប់ក្មេងកំព្រាផងដែរចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានថែរក្សា។ តែប្រសិនបើពួកអ្នកយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមករួមបញ្ចូលជាមួយទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការស្នាក់នៅ និងអ្វីផ្សេងទៀតនោះ ក៏គ្មានបញ្ហាអ្វីដែរ ដោយសារពួកគេជាបងប្អូនរួមសាសនាជាមួយពួកអ្នក ហើយបងប្អូនគឺត្រូវចេះជួយគ្នាទៅវិញទៅមក និងមានទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកគ្រប់គ្រងក្មេងកំព្រាទាំងឡាយណាដែលបានយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកបញ្ចូលជាមួយទ្រព្យសម្បត្តិរបស់ខ្លួនក្នុងគោលបំណងដើម្បីបំផ្លាញ(កេងចំណេញ) និង(ដឹងបំផុតចំពោះ)អ្នកដែលមានបំណងការពារ។ ហើយប្រសិនបើអល់ឡោះមានចេតនាបង្កការលំបាកដល់ពួកអ្នកក្នុងកិច្ចការក្មេងកំព្រានោះ ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកមានភាពលំបាកជាមិនខាន ក៏ប៉ុន្តែទ្រង់សម្រួលដល់ពួកអ្នកនៅក្នុងការប្រាស្រ័យទាក់ងជាមួយក្មេងកំព្រាទាំងនោះ ដោយសារតែច្បាប់ឥស្លាមត្រូវបានស្ថាបនាឡើង(ឈរឡើង)នៅលើភាពងាយស្រួល។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល