សូរ៉ា 2 · ជូស 2
Al-Baqarah · 2:197
الْحَجُّ أَشْهُرٌ مَعْلُومَاتٌ ۚ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ
ពេលវេលាធ្វើហាជ្ជីគឺក្នុងអំឡុងខែដែលត្រូវបានគេដឹង យ៉ាងច្បាស់ ។ ហើយអ្នកណាដែលបានបំពេញកាតព្វកិច្ចហាជ្ជីក្នុង អំឡុងខែទាំងនេះ គេមិនត្រូវរួមភេទនិងមិនត្រូវល្មើសនឹងបទ បញ្ជា ផេ្សងៗរបស់អល់ឡោះ ហើយមិនត្រូវឈ្លោះប្រកែកគ្នាក្នុង ពេលកំពុងធ្វើហាជ្ជីឡើយ។ ហើយអំពើល្អណាមួយដែលពួកអ្នក សាងគឺអល់ឡោះដឹងទាំងអស់។ ហើយចូរពួកអ្នកនាំស្បៀងអាហារ ទៅជាមួយផង ជាការពិតណាស់ស្បៀងដ៏ល្អបំផុតនោះគឺការកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចយើង ឱបញ្ញាជន ទាំងឡាយ.
តាហ្វសៀរ
ពេលវេលានៃការធ្វើធម្មយាត្រាហាជ្ជី គឺត្រូវបានគេដឹងយ៉ាងច្បាស់ ពោលគឺចាប់ផ្តើមពីខែស្ហាវវ៉ាល់(ខែទី១០នៃមូហាំម៉ាត់សករាជ) ហើយបញ្ចប់ទៅវិញនៅត្រឹមថ្ងៃទីដប់នៃខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃមូហាំម៉ាត់សករាជ)។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចត្រូវធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ ហើយគេបានចូលកាន់តំណមអៀហរ៉មរួចហើយនោះ គឺរូបគេត្រូវបានហាមឃាត់មិនឱ្យរួមភេទ ស្តីដណ្តឹង រៀបការ និងហាមឃាត់មិនឲ្យចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ តាមរយៈការធ្វើអំពើបាបកម្មនោះឡើយ ដោយសារតែភាពធំធេងនៃពេលវេលានិងទីកន្លែងនោះ។ ហើយគេហាមឃាត់លើរូបគេមិនឲ្យឈ្លោះប្រកែកគ្នាដែលបណ្តាលឲ្យមានការខឹងសម្បារ និងទំនាស់នឹងគ្នានោះឡើយ។ ហើយអំពើល្អដែលពួកអ្នកបានសាងនោះ ទ្រង់ពិតជាជ្រាបដឹងនិងផ្តល់ការតបស្នងដល់ពួកអ្នកវិញ។ ហើយចូរពួកអ្នកសុំជំនួយលើការអនុវត្តកាតព្វកិច្ចហាជ្ជីនេះ ដោយយកអ្វីដែលពួកអ្នកត្រូវការទៅជាមួយដូចជាអាហារ និងទឹកផឹកជាដើម តែពួកអ្នកត្រូវដឹងថា ជំនួយល្អបំផុតដែលអ្នកត្រូវសុំចំពោះគ្រប់កិច្ចការទាំងអស់របស់ពួកអ្នកនោះ គឺការកោតខ្លាចអល់ឡោះ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចយើងដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងជៀសវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់ ឱបណ្តាអ្នកដែលមានសតិបញ្ញាល្អត្រឹមត្រូវ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល