សូរ៉ា 18 · ជូស 15
Al-Kahf · 18:29
وَقُلِ الْحَقُّ مِنْ رَبِّكُمْ ۖ فَمَنْ شَاءَ فَلْيُؤْمِنْ وَمَنْ شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِنْ يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا
ចូរអ្នកពោលថាៈ ភាពពិតគឺមកពីម្ចាស់របស់ពួកអ្នក។ ហើយបើអ្នកណាមានបំណង(មានជំនឿ)ចូរឱ្យគេមានជំនឿចុះ។ តែបើអ្នកណាមានបំណង(គ្មានជំនឿ)វិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពាននូវភ្លើង នរក ដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំ ឱ្យជួយ(សុំទឹកផឹក) ពួកគេត្រូវបានគេផ្ដល់ឱ្យនូវទឹកដូចជាបេ្រង កំពុងពុះធ្វើឱ្យរលាកផ្ទៃមុខរបស់ពួកគេ។ គ្រឿងផឹកនិងកន្លែងរស់ នៅរបស់ពួកគេគឺអាក្រក់ជាទីបំផុត។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលព្រងើយកន្តើយក្នុងការរំលឹកចំពោះអល់ឡោះទាំងនោះ ដោយសារតែដួងចិត្តរបស់ពួកគេមានការធ្វេសប្រហែសថាៈ អ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នកគឺជាការពិត ហើយវាគឺមកពីអល់ឡោះ មិនមែនមកអំពីខ្ញុំនោះទេ។ ហើយខ្ញុំមិនមែនជាអ្នកដែលទទួលយកសំណើរបស់ពួកអ្នកមកចំពោះខ្ញុំដែលស្នើឲ្យខ្ញុំបណ្ដេញបណ្តាអ្នកដែលមានជំនឿ(ដែលទន់ខ្សោយ ក្រីក្រ)នោះទេ។ ដូច្នេះ ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់មានជំនឿនឹងការពិតមួយនេះ ចូរឲ្យគេមានជំនឿចំពោះវាចុះ ហើយគេនឹងរីករាយចំពោះការតបស្នងរបស់គេ(នៅថ្ងៃបរលោក)។ តែជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ប្រឆាំង(មិនមានជំនឿ)នឹងវា(សេចក្តីពិតទេនោះ) ចូរឲ្យគេប្រឆាំងចុះ ហើយគេនឹងទទួលនូវទណ្ឌកម្មដែលកំពុងតែរង់ចាំរូបគេ(នៅថ្ងៃបរលោក)ជាមិនខាន។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពានលើខ្លួនឯងដោយបានជ្រើសរើសយកការប្រឆាំង(ភាពគ្មានជំនឿ)នោះនូវភ្លើងនរកដ៏ធំធេងដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ ដោយពួកគេមិនអាចរត់ចេញពីវា(ឋាននរក)បានឡើយ។ ហើយប្រសិនបើពួកគេសុំឲ្យគេផ្ដល់ទឹកផឹកដល់ពួកគេដោយសារតែពួកគេស្រេកទឹកខ្លាំងនោះ គេនឹងផ្ដល់ទឹកឲ្យពួកគេផឹកដែលទឹកនោះប្រៀបដូចជាប្រេងដែលកំពុងពុះដ៏សែនក្តៅបំផុត ដែលធ្វើឲ្យរលាកមុខរបស់ពួកគេដោយសារតែកម្ដៅដ៏ក្ដៅរបស់វា។ គ្រឿងផឹកដែលគេផ្ដល់ឲ្យពួកគេនោះ គឺជាគ្រឿងផឹកដ៏អាក្រក់បំផុត ពីព្រោះវាមិនបានធ្វើឲ្យពួកគេបាត់ស្រេកនោះទេ ផ្ទុយទៅវិញ វាធ្វើឲ្យពួកគេកាន់តែស្រេកទឹកថែមទៀត។ ហើយអណ្ដាតភ្លើងដែលឆាបឆេះស្បែករបស់ពួកគេនោះ គឺមិនរលត់ឡើយ។ ហើយឋាននរកនោះ គឺជាលំនៅឋានដ៏អាក្រក់បំផុត(របស់ពួកគេ)ដែលពួកគេនឹងស្នាក់នៅក្នុងវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល