សូរ៉ា 9 · ជូស 10
At-Tawbah · 9:74
يَحْلِفُونَ بِاللَّهِ مَا قَالُوا وَلَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَكَفَرُوا بَعْدَ إِسْلَامِهِمْ وَهَمُّوا بِمَا لَمْ يَنَالُوا ۚ وَمَا نَقَمُوا إِلَّا أَنْ أَغْنَاهُمُ اللَّهُ وَرَسُولُهُ مِنْ فَضْلِهِ ۚ فَإِنْ يَتُوبُوا يَكُ خَيْرًا لَهُمْ ۖ وَإِنْ يَتَوَلَّوْا يُعَذِّبْهُمُ اللَّهُ عَذَابًا أَلِيمًا فِي الدُّنْيَا وَالْآخِرَةِ ۚ وَمَا لَهُمْ فِي الْأَرْضِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថាៈ ពួកគេមិន បាននិយាយអ្វីឡើយ តែតាមពិតពួកគេបាននិយាយនូវពាក្យសំដី ដែលគ្មានជំនឿ។ ហើយពួកគេបានប្រឆាំងវិញ បន្ទាប់ពីការចូល សាសនាអ៊ីស្លាមរបស់ពួកគេហើយនោះ។ ហើយពួកគេប៉ុនប៉ងនូវ អ្វីដែលពួកគេមិនអាចសមេ្រចបាន។ ហើយពួកគេមិនអាចធ្វើអ្វី បានឡើយ លើកលែងតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ធ្វើ ឱ្យពួកគេមានបានដោយការប្រោសប្រទានរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើពួកគេសារភាពកំហុសនោះ វាជាការប្រសើរសម្រាប់ ពួកគេ។ តែបើពួកគេបែរចេញវិញ អល់ឡោះនឹងធ្វើទារុណកម្ម ពួកគេនូវទារុណកម្មមួយដ៏ឈឺចាប់ទាំងនៅក្នុងលោកិយ និងថ្ងៃ បរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។
តាហ្វសៀរ
ពួកពុតត្បុតបានស្បថនឹងអល់ឡោះដោយកុហកបោកប្រាស់ថាៈ ពួកគេមិនបាននិយាយពាក្យសម្តីប្រមាថចំពោះអ្នក(ព្យាការីមូហាំម៉ាត់) និងមើលងាយចំពោះសាសនារបស់អ្នកដូចដែលបានលេចលឺទៅដល់អ្នកនោះឡើយ តែតាមពិត ពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែលធ្វើឲ្យពួកគេក្លាយជាពួកដែលគ្មានជំនឿដូចដែលបានលេចលឺទៅដល់អ្នកពិតមែន ហើយពួកគេបានស្តែងចេញនូវភាពគ្មានជំនឿក្រោយពីពួកគេបង្ហាញពីការមានជំនឿរបស់ពួកគេហើយនោះ។ ជាការពិតណាស់ ពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលមិនអាចសម្រេចបានដោយការប៉ុនប៉ងសម្លាប់ព្យាការី។ ហើយពួកគេមិនអាចធ្វើអ្វីបានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់ប្រោសប្រទានឲ្យពួកគេដោយឲ្យពួកគេមានបានតាមរយៈជ័យភណ្ឌដែលអល់ឡោះបានប្រទានវាដល់ព្យាការីរបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេសារភាពកំហុសចំពោះអល់ឡោះពីទង្វើពុតត្បុតរបស់ពួកគេនោះ ពិតណាស់ ការសារភាពកំហុសរបស់ពួកគេនោះគឺល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេនៅតែបន្តស្ថិតនៅលើភាពពុតត្បុតនោះ។ តែប្រសិនបើពួកគេបែរចេញពីការសារភាពកំហុសចំពោះអល់ឡោះនោះ ទ្រង់នឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះពួកគេនៅក្នុងលោកិយនេះ ដោយការសម្លាប់និងការចាប់ជាឈ្លើយសឹក។ ហើយទ្រង់ក៏នឹងដាក់ទណ្ឌកម្មពួកគេផងដែរនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតដោយ(បញ្ចូលពួកគេទៅក្នុង)ភ្លើងនរក។ ហើយពួកគេគ្មានអ្នកគាំពារណាដែលអាចគាំពារពួកគេ និងអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មបានឡើយ ហើយក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មបាននោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល