សូរ៉ា 6 · ជូស 8
Al-An'am · 6:148
سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِنْدَكُمْ مِنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِنْ تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنْتُمْ إِلَّا تَخْرُصُونَ
ពួកដែលបានធ្វើស្ហ៊ីរិកនឹងនិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនា ពួកយើងនិងជីដូនជីតារបស់ពួកយើងមិន បានធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនបម្រាម(លើខ្លួនឯង)នូវ ប្រការណាមួយដែរ។ ដូច្នោះដែរ ពួកដែលពីមុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ រហូតទាល់តែពួកគេបាន ភ្លក្សទារុណកម្មរបស់យើង។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើពួកអ្នកមានការចេះដឹងដែរឬទេ ចូរពួកអ្នកបង្ហាញវាដល់យើង មក? ពួកអ្នកមិនតាមអ្វីក្រៅតែពីការស្មានឡើយ ហើយពួកអ្នក ក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។
តាហ្វសៀរ
ពួកមុស្ហរីគីននឹងនិយាយយកលេសដោះសារនឹងចេតនារបស់អល់ឡោះនិងសមត្ថភាពរបស់ទ្រង់ចំពោះភាពត្រឹមត្រូវនៃការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើង ក៏ដូចជាជីដូនជីតារបស់ពួកយើងធ្វើស្ហ៊ីរិកនឹងទ្រង់ទេនោះ ពួកយើងក៏មិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងដាក់បម្រាមនូវអ្វីដែលពួកយើងបានដាក់បម្រាមលើខ្លួនពួកយើងទេនោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ តាមរយៈការលើកឡើងនូវលេសដោះសារដែលមិនត្រឹមត្រូវរបស់ពួកគេបែបនេះ ពួកអ្នកជំនាន់មុនពួកគេក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ ដោយពួកគេ(អ្នកជំនាន់មុន)បាននិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងបដិសេធពួកគេ(បណ្តាអ្នកនាំសារ)ទេនោះ ពួកយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ។ ហើយពួកគេនៅតែបន្តការបដិសេធបែបនេះ រហូតដល់ពួកគេបានភ្លក្សនូវទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះទៅកាន់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើពួកអ្នកមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តឲ្យពួកអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់ និង(ពេញចិត្តឲ្យពួកអ្នក)ដាក់បម្រាមនូវអ្វីដែលទ្រង់បានអនុញ្ញាត ហើយអនុញ្ញាតនូវអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាមនោះ? ការដែលពួកអ្នកធ្លាក់ក្នុងទង្វើបែបនេះ គឺមិនមែនជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់ពេញចិត្តចំពោះ(ទង្វើ)ពួកអ្នកនោះទេ។ ជាការពិតណាស់ ពួកអ្នកធ្វើដូច្នោះគឺគ្មានអ្វីក្រៅពីការស្មាននោះឡើយ ហើយពិតណាស់ ការស្មានមិនអាចផ្តល់នូវការពិតបន្តិចណានោះឡើយ ហើយពួកអ្នកគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល