សូរ៉ា 5 · ជូស 7
Al-Ma'idah · 5:110
إِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ اذْكُرْ نِعْمَتِي عَلَيْكَ وَعَلَىٰ وَالِدَتِكَ إِذْ أَيَّدْتُكَ بِرُوحِ الْقُدُسِ تُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا ۖ وَإِذْ عَلَّمْتُكَ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنْجِيلَ ۖ وَإِذْ تَخْلُقُ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ بِإِذْنِي فَتَنْفُخُ فِيهَا فَتَكُونُ طَيْرًا بِإِذْنِي ۖ وَتُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ بِإِذْنِي ۖ وَإِذْ تُخْرِجُ الْمَوْتَىٰ بِإِذْنِي ۖ وَإِذْ كَفَفْتُ بَنِي إِسْرَائِيلَ عَنْكَ إِذْ جِئْتَهُمْ بِالْبَيِّنَاتِ فَقَالَ الَّذِينَ كَفَرُوا مِنْهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ឱអ៊ីសា កូនប្រុសម៉ារីយ៉ាំ! ចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានឱ្យអ្នក ខណៈដែលយើងបានបង្កើតអ្នកដោយគ្មានឪពុក និងចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានដល់ម្តាយរបស់អ្នក គឺម៉ារីយ៉ាំ ខណៈដែលយើងបានជ្រើសរើសនាងពីក្នុងចំណោមស្ត្រីទាំងឡាយនៅក្នុងជំនាន់របស់នាង។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈមាឡាអ៊ីកាត់ជីព្រេល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្ស(តាំងពីអ្នកនៅជាទារក)ដោយអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយធ្វើឱ្យអ្នកនិយាយទៅកាន់ពួកគេនៅពេលអ្នកមានវ័យចំណាស់នូវអ្វីដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយ(ចូរអ្នកចងចាំ)ពីឧបការគុណដែលយើងបានប្រទានឱ្យអ្នក ដោយយើងបានបង្រៀនអក្សរដល់អ្នក និងបានបង្រៀនគម្ពីរតាវរ៉តដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះទៅឱ្យព្យាការីមូសា និងបានបង្រៀនគម្ពីរអិនជីលដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះមកឱ្យអ្នក។ ហើយយើងបានបង្រៀនដល់អ្នកនូវប្រការអាថ៌កំបាំងនៃច្បាប់បញ្ញត្តិ អត្ថប្រយោជន៍ និងបុព្វហេតុរបស់វា។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ដោយអ្នកអាចសូនដីឥដ្ឋធ្វើជារូប ដូចជារូបបក្សី រួចមកអ្នកក៏ផ្លុំវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាល។ អ្នកអាចព្យាបាលជនពិការភ្នែកពីកំណើតឲ្យមើលឃើញបាន អ្នកអាចព្យាបាលអ្នកមានជំងឺឃ្លង់ ធ្វើឱ្យស្បែករបស់គេក្លាយទៅជាស្អាតវិញបាន។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់រានមានជីវិតឡើងវិញដោយការបួងសួងសុំពីអល់ឡោះឲ្យទ្រង់ប្រោសពួកគេឲ្យរស់ឡើងវិញ។ រឿងរ៉ាវទាំងអស់នេះ គឺ(អាចកើតឡើងបាន)ដោយសារការអនុញ្ញាតពីយើង(អល់ឡោះ)ប៉ុណ្ណោះ។ ហើយក្នុងចំណោមឧបការគុណដែលយើងបានប្រទានដល់អ្នកដែរនោះ គឺយើងបានរារាំងអម្បូរអ៊ីស្រាអែលពីការប៉ុនប៉ងសម្លាប់អ្នក ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវអច្ឆរិយភាពជាច្រើនដ៏ជាក់ច្បាស់។ ប៉ុន្តែពួកគេមួយចំនួនគ្មានអ្វីក្រៅពីការបដិសេធនោះទេ ដោយពួកគេបាននិយាយថាៈ អ្វីដែលព្យាការីអ៊ីសាបាននាំមកនេះ គឺជាមន្តអាគមយ៉ាងច្បាស់ណាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល