សូរ៉ា 33 · ជូស 21
Al-Ahzab · 33:6
النَّبِيُّ أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنْفُسِهِمْ ۖ وَأَزْوَاجُهُ أُمَّهَاتُهُمْ ۗ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ مِنَ الْمُؤْمِنِينَ وَالْمُهَاجِرِينَ إِلَّا أَنْ تَفْعَلُوا إِلَىٰ أَوْلِيَائِكُمْ مَعْرُوفًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا
ណាពីគឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿ ជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយភរិយាៗរបស់គាត់(ណាពី) គឺជាម្ដាយរបស់ពួកគេ ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹង គ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់ របស់អល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះ ទៅម៉ាឌីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធ របស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស) ។
តាហ្វសៀរ
ព្យាការីមូហាំម៉ាត់មានសិទ្ធិទៅលើបណ្តាអ្នកមានជំនឿក្នុងគ្រប់បញ្ហាដែលគាត់បានអំពាវនាវពួកគេទៅកាន់វានោះជាងពួកគេខ្លួនឯងទៅទៀត ទោះបីក្នុងចិត្តរបស់ពួកគេលម្អៀងទៅកាន់អ្នកផ្សេងក៏ដោយ។ ហើយភរិយាទាំងឡាយរបស់គាត់ មានឋានៈជាមាតារបស់បណ្តាអ្នកមានជំនឿទាំងអស់។ ដូចនេះ គេហាមឃាត់លើអ្នកមានជំនឿទាំងអស់មិនឲ្យរៀបការជាមួយពួកគាត់(ភរិយារបស់ព្យាការី)ឡើយបន្ទាប់ពីព្យាការីបានស្លាប់។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នានោះ គឺមានសិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះ ជាងបណ្តាអ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ាអល់ឡោះដែលពួកគេធ្លាប់ទទួលមរតករវាងគ្នាទៅវិញទៅមកនៅពេលសាសនាឥស្លាមទើបមកដល់ទៅទៀត។ ប៉ុន្តែ ក្រោយពីនោះមក ការទទួលមរតករបស់ពួកគេ(អ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនដែលពុំមែនជាសាច់សាលោហិតនឹងគ្នា)បែបនេះ ត្រូវបានលប់ចោលហើយ លើកលែងតែ ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់ធ្វើល្អចំពោះជំនិតរបស់ពួកអ្នក(ដែលគ្មានជាប់ខ្សែស្រឡាយត្រូវទទួលកេរមរតកទេ) ដែលវាមិនមែនជាមរតកដោយសមរម្យ ដោយដើម្បីជាការទំនាក់ទំនងល្អ និងជាក្តីសប្បុរសចំពោះពួកគេ គឺពួកអ្នកអាចធ្វើបែបនេះបាន។ ក្បួនច្បាប់នេះ គឺត្រូវបានគេកត់ត្រាទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូស រួចហើយ។ ដូចនេះ ចាំបាច់ត្រូវតែអនុវត្តន៍តាមវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល